ការបកប្រែផ្ទាល់មាត់ គឺជាសេវាមួយដែលអ្នកបកប្រែផ្ទាល់មាត់ត្រូវសម្របសម្រួលការប្រាស្រ័យទាក់ទងផ្ទាល់រវាងបណ្ដាភាគីដែលនិយាយភាសាពីរផ្សេងគ្នា។ ការបកប្រែផ្ទាល់មាត់ គឺជាការងារដ៏ស្មុគស្មាញមួយដែលតម្រូវឲ្យអ្នកបកប្រែនោះមានបទពិសោធន៍ទូលំទូលាយ ចំណេះដឹងច្បាស់លាស់អំពីប្រធានបទ ព្រមទាំងចំណេះដឹងស៊ីជម្រៅអំពីបរិបទ ឬបរិយាកាសផ្នែកវប្បធម៌។

សេវាបកប្រែផ្ទាល់មាត់យើងខ្ញុំរួមមាន ការបកប្រែប្រដេញ បកប្រែបណ្ដាក់ និងប​កប្រែអមដំណើរ។ 

ការបកប្រែប្រដេញ៖

ការបកប្រែប្រដេញ គឺជាការប​កប្រែមួយប្រភេទដែលតម្រូវឲ្យអ្នកបកប្រែនោះស្ដាប់ រួចបកប្រែអ្វីដែលវាគ្មិនកំពុងនិយាយក្នុងពេលដំណាលគ្នា។ ដោយសារតែការងារនេះតម្រូវឲ្យមានការផ្ចង់អារម្មណ៍ និងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ទើបជារឿយៗ អ្នកបកប្រែប្រដេញធ្វើការជាដៃគូ និងសម្រាកប្រហែលរៀងរាល់៣០នាទីម្ដង។ ជារឿយៗ គេប្រើប្រាស់សេវាបកប្រែប្រភេទនេះសម្រាប់សិក្ខាសាលា សន្និសីទ ឬកិច្ចប្រជុំធំៗ ហើយជាទូទៅ តម្រូវឲ្យមានឧបករណ៍ដូចជា ឧគ្ឃោសនា​សព្ទ (មីក្រូហ្វូន) កាស់ស្ដាប់ត្រចៀក ព្រមទាំងកូនបន្ទប់អ្នកបកប្រែ។ 

ការបកប្រែបណ្ដាក់៖

ការបកប្រែបណ្តាក់ គឺជាប្រភេទសេវាបកប្រែនៅហ្នឹងកន្លែងដែលគេនិយមប្រើយ៉ាងទូលំទូលាយបំផុត។ ជាពិសេសវាសក្ដិសមសម្រាប់កម្មវិធីផ្សេងៗ ដូចជា សិក្ខាសាលាបណ្ដុះបណ្ដាល កិច្ចប្រជុំ ការចរចា ឬសិក្ខាសាលាបច្ចេកទេសនានា។ ក្នុងអំឡុងប​កប្រែបណ្ដាក់ វាគ្មិននិយាយប្រហែលពីរបីនាទី (ពីរបីកថាខណ្ឌ) រួចផ្អាក ខណៈដែលអ្នកបកប្រែចាំកត់ត្រា រួចបកស្រាយផ្ទាល់មាត់ (បកប្រែ) សាររបស់វាគ្មិននោះក្នុងអំឡុងពេលដែលវាគ្មិននោះផ្អាកនិយាយ។ ធាតុផ្សំចម្បងនៅក្នុងការបកប្រែបណ្ដាក់គឺការកត់ត្រាដែលអ្នកបកប្រែត្រូវតែកត់ត្រាគំនិតសម្ដីសំដៅ រួចបកប្រែទៅជាភាសាគោលដៅរហូតដល់អស់សេចក្ដី។ 

ការបកប្រែអមដំណើរ/ខ្សឹបៗ៖

វាក៏ជាផ្នែកមួយនៃការបកប្រែបណ្ដាក់ផងដែរ។ ប្រសិនបើអ្នកកំពុងរៀបចំទទួលគណៈប្រតិភូអញ្ជើញមកពីប្រទេសផ្សេង អ្នកប្រហែលជាត្រូវជួលអ្នកបកប្រែអមដំណើរ/ខ្សឹបៗសម្រាប់ជំនួបជាមួយអតិថិជននៅព្រលានយន្តហោះ ទេសចរណ៍ ដំណើរកម្សាន្ដផ្សេងៗ។ ជាទូទៅ អ្នកបកប្រែអមដំណើរ/ខ្សឹបៗបកប្រែកិច្ចសន្ទនាក្រៅផ្លូវការ។